Member of

News & Events | IIC University Of Technology
ទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យIIC នៃបច្ចេកវិទ្យា នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត
កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ និស្សិតសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាទាំងប្រាំមហាវិទ្យាល័យ ដែលមានជំនាញផ្សេងៗគ្នា បានធ្វើទស្សនកិច្ចសិក្សាមួយ នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត ដើម្បីសិក្សាស្វែងយល់ឲ្យបានឃើញពីភាពជាក់ស្តែងទាក់ទងនឹងប្រព័ន្ធគ្រប់គ្រង និងចង្វាក់ផលិតកម្មយ៉ាងសកម្ម ខណៈដែលក្រុមហ៊ុនក្នុងស្រុកមួយនេះ បាននិងកំពុងបង្កើនល្បឿន នៃការផលិតស្រាបៀរកម្ពុជា ដោយមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងស្រុក និងក្រៅស្រុក។ ទស្សនកិច្ចសិក្សានេះបានដឹកនាំផ្ទាល់ដោយឯកឧត្តម បណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា និងអមដំណើរដោយ សាកលវិទ្យាធិការរង ប្រធានការិយាល័យ បុគ្គលិក និងសាស្រ្តាចារ្យមួយចំនួនទៀត។ ដោយទទួលបាននូវការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងមគ្គុទេសក៍ដ៏ល្អពីបុគ្គលិករបស់ក្រុមហ៊ុនតាំងពីដំបូងរហូតដល់បញ្ចប់នៃកម្មវិធី ព្រមទាំងឃើញពីដំណើរការនៃការគ្រប់គ្រងនិងចង្វាក់ផលិតកម្មយ៉ាងរលូនរបស់ក្រុមហ៊ុន ឯកឧត្តម បណ្ឌិត សាកលវិទ្យាធិការ បានសម្តែងនូវសេចក្តីសោមនស្សក្រៃលែង និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត ដែលបានអនុញ្ញាតឲ្យនិស្សិត IIC ចុះទស្សនកិច្ចសិក្សា ព្រមទាំងជូនពរដល់ក្រុមហ៊ុនឲ្យកាន់តែមានភាពល្បីល្បាញ និងទទួលបានការគាំទ្រពីអតិថជនចំពោះផលិតផលដែលប្រកបដោយគុណភាពខ្ពស់របស់ខ្លួន។ យុវនិស្សិត សុខ កែវ រៀននៅIIC ឆ្នាំទី៣ ជំនាញហិរញ្ញវត្ថុ និងធនាគារ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលខ្លួនគេបានមកមើលឃើញដោយផ្ទាល់នូវប្រព័ន្ធគ្រប់គ្រង និងចង្វាក់ផលិតកម្មរបស់រោងចក្រផលិតស្រាបៀរកម្ពុជា តាំងពីដំណើរការ ផលិតដំបូងរហូតទទួលបាននូវផលិតផលសម្រេច។ ជាមួយគ្នានេះដែរប្អូនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនដែលបានផ្តល់ឱកាសដល់និស្សិតIIC និងការចំណាយពេលដ៏មានតម្លៃរបស់បុគ្គលិកក្រុមហ៊ុនដើម្បីណែនាំពីចំណុចសំខាន់ៗនៃចង្វាក់ផលិតកម្មរហូតដល់ចប់៕
Untitled Document