Member of

News & Events | IIC University Of Technology
សិក្ខាសាលាស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងទីផ្សារការងារ ដល់និស្សិតសាកលវិទ្យាល័យ IIC
កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា និងសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការគ្នា រៀបចំធ្វើសិក្ខាសាលាមួយស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងទីផ្សារការងារ” ដោយមាននិស្សិត IIC ចូលរួមជាង៣០០នាក់។ នេះជាសិក្ខាសាលាមួយ ប្រកបដោយអត្ថប្រយោជន៍ ដែលមានគោលបំណងផ្ទេរចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែងដល់និស្សិត ដើម្បីឲ្យពួកគេបានយល់ដឹងពីតម្រូវការក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន ដែលអាចឲ្យពួកគេមានភាពងាយស្រួលក្នុងការត្រៀមខ្លួនទុកជាមុនសម្រាប់បំពេញការងារតាមជំនាញរបស់ខ្លួន ។ ក្រោយពីមានមតិសំណេះសំណាលរបស់ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា អង្គសិក្ខាសាលាទាំងមូលបានចាប់ផ្តើមយ៉ាងរលូនតាមរបៀបវារៈដែលបានគ្រោងទុក។ វាគ្មិនទាំងបីរូបមកពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានធ្វើបទបង្ហាញពីប្រវត្តិនៃការបង្កើតសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការធ្វើសកម្មភាពរបស់សមាគមនេះ ព្រមទាំងលើកជាច្រើនចំណុចពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងសង្គមកម្ពុជា។ ពិសេសជាងនេះវាគ្មិនបានបង្ហាញដល់និស្សិតនូវគន្លឹះជាច្រើនពីរបៀបរកការងារធ្វើ និងការទទួលបានការងារល្អៗ និងការទទួលបានជោគជ័យក្នុងកិច្ចការទាំងនោះ។ សិក្ខាសាលានេះបានបញ្ចប់ទៅ ក្រោយពីវាគ្មិនឆ្លើយនូវសំណួរដ៏ច្រើនរបស់និស្សិត IIC ហើយនិស្សិត IIC បង្ហាញនូវការចាប់អារម្មណ៍ និងមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយសារពួកគេទទួលបាននូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីវាគ្មិន៕
Untitled Document