Member of

News & Events | IIC University Of Technology
ទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យIIC នៃបច្ចេកវិទ្យា នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត
កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ និស្សិតសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា ដែលមានជំនាញផ្សេងៗគ្នា បានទៅធ្វើទស្សនកិច្ចសិក្សាមួយ នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត ដើម្បីសិក្សាស្វែងយល់ពីភាពជាក់ស្តែងទាក់ទងនឹងប្រព័ន្ធគ្រប់គ្រង និងចង្វាក់ផលិតកម្មរបស់រោងចក្រស្រាបៀរកម្ពុជា។ ទស្សនកិច្ចសិក្សានេះបានដឹកនាំដោយ ប្រធានការិយាល័យរដ្ឋបាល ប្រធានការិយាល័យសិក្សា ប្រធានការិយាល័យភាសាបរទេស អមដំណើរដោយអនុប្រធាន ជំនួយការការិយាល័យ និងសាស្រ្តាចារ្យមួយចំនួនទៀត។ នេះជាលើកទី២ហើយសម្រាប់ការមកធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត ដែលជាទស្សនកិច្ចសិក្សាមួយប្រកបដោយអត្ថន័យនិងចំណេះដឹង។ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត IIC ទាំងអស់បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងការធ្វើមគ្គុទេសក៍យ៉ាងក្បោះក្បាយពីបុគ្គលិករបស់ក្រុមហ៊ុន។ ជាមួយគ្នានេះដែរជួសមុខឲ្យឯកឧត្តម បណ្ឌិត សាកលវិទ្យាធិការ លោក សំ សុវណ្ណ ប្រធានការិយាល័យរដ្ឋបាល បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត ដែលបានអនុញ្ញាតឲ្យនិស្សិត IIC ចុះទស្សនកិច្ចសិក្សា ព្រមទាំងជូនពរដល់ក្រុមហ៊ុនឲ្យកាន់តែមានភាពរលូនក្នុងការចែកចាយផលិតផលរបស់ខ្លួនទៅដល់អតិថិជន ព្រមទាំងទទួលបានការគាំទ្រពីអតិថជនទាំងក្នុងស្រុកនិងក្រៅស្រុក។ និស្សិត មឿន មាសសុម៉ាលី រៀននៅIIC ឆ្នាំទី២ ជំនាញគណនេយ្យ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលខ្លួនគេបានមកមើលឃើញដោយផ្ទាល់នូវប្រព័ន្ធគ្រប់គ្រង និងចង្វាក់ផលិតកម្មរបស់រោងចក្រផលិតស្រាបៀរកម្ពុជា តាំងពីដំណើរការ ផលិតដំបូងរហូតទទួលបាននូវផលិតផលសម្រេច។ ជាមួយគ្នានេះដែរប្អូនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនដែលបានផ្តល់ឱកាសដល់និស្សិតIIC និងការចំណាយពេលដ៏មានតម្លៃរបស់បុគ្គលិកក្រុមហ៊ុនដើម្បីណែនាំពីចំណុចសំខាន់ៗនៃចង្វាក់ផលិតកម្មរហូតដល់ចប់៕
Untitled Document