Member of

News & Events | IIC University Of Technology
សិក្ខាសាលាស្តីពី អាហារូបករណ៍ ទៅសិក្សា នៅអូស្ត្រាលី និងនូវែលសេឡង់

កាលពី រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១២ នាយកដ្ឋានឧត្តមសិក្សា សហការជាមួយ សាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា បានរៀបចំ ធ្វើសិក្ខាសាលា ណែនាំមួយស្តីពី អាហារូបករណ៍ ទៅសិក្សានៅ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ិត ហ៊ុនលី មន្រ្តីនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា និងលោកបណ្ឌិត ឈួន ចាន់ថនសាកលវិទ្យាធិការ សាកល វិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា។

យោងតាម សេចក្តីប្រកាសមួយ របស់ក្រសួងអប់រំ យុវជននិងកីឡា ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ លោក អ៊ិត ហ៊ុនលី បានមានប្រសាសន៍ ក្នុងបទបង្ហាញ របស់លោកថា ក្រសួងអប់រំ ត្រូវការជ្រើសរើសបុគ្គលិកអប់រំ ដែលបម្រើការ នៅតាមគ្រឹះស្ថាន ឲ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ក្រោមការជួយឧបត្ថម្ភរបស់គម្រោង លើកកម្ពស់គុណភាព និងសមត្ថភាពសិក្សា (HEQCIP) សម្រាប់ជុំទី៣ ។

ការជ្រើសរើសនេះ គឺកំណត់យក៤៨រូបប៉ុន្តែពេលនេះក្រសួងរើសបាន៨រូបរួចហើយនៅសល់៤០រូបទៀតកំពុងធ្វើការជ្រើសរើសបន្ត ។ ក្នុងបទបង្ហាញនេះដែរ លោក អ៊ិត ហ៊ុនលី បានលើកជាច្រើនចំណុច ទាក់ទងទៅនឹងលក្ខខណ្ឌ នៃការដាក់ពាក្យសុំអាហារូបករណ៍ និងការផ្តល់ជូនដល់បេក្ខជន ដែលបាន ជ្រើសរើស។ ក្រោយការធ្វើបទបង្ហាញ លោកក៏បានឆ្លើយ នូវសំណួរជាច្រើន របស់ សាកលវិទ្យាធិការ សាកលវិទ្យាល័យIIC និងបុគ្គលិក សាស្រ្តាចារ្យដែលបានចូលរួមក្នុងអង្គសិក្ខាសាលា ទាក់ទងទៅនឹង នីតិវិធី នៃការជ្រើសរើស ការដាក់ពាក្យសុំ និងការទទួលបានអាហារូបករណ៍។

បណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បានសម្តែង នូវសេចក្តីសោមនស្សរីករាយ ចំពោះ អង្គសិក្ខាសាលា ណែនាំស្តីពី អាហារូបករណ៍នេះ។ ជាមួយគ្នានេះ ដែរលោកក៏បាន លើកទឹកចិត្ត ដល់បុគ្គលិកនិងសាស្ត្រាចារ្យទាំងអស់ នៅក្នុងសាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា ទៅដាក់ពាក្យសុំអាហារូបករណ៍ ឲ្យបានគ្រប់ៗ។ ដើម្បីទទួលបាន នូវឱកាស ទៅ បន្តការសិក្សាស្រូប យកចំណេះវិជ្ជា និងសែ្វងយល់បន្ថែមនូវ អ្វីដែលថ្មីៗក្នុងប្រទេសអភិវឌ្ឍ ៕

Untitled Document