ប្រតិភូសាកលវិទ្យាល័យ IIC បានចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពី "យុទ្ធសាស្ត្ររុករករ៉ែ និងការរុករក និងការស្ដារធនធានធម្មជាតិ” ដែលបានប្រារព្ធឡើងនៅសាកលវិទ្យាល័យ ECUT ប្រទេសចិន។
កាលពីថ្ងៃទី24-25 ខែតុលា ឆ្នាំ2024 ប្រតិភូសាកលវិទ្យាល័យ IIC តំណាងឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ បានចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពី "យុទ្ធសាស្ត្ររុករករ៉ែ និងការរុករក និងការស្ដារធនធានធម្មជាតិ” ដែលបានប្រារព្ធឡើងនៅសាកលវិទ្យាល័យ East China University of Technology (ECUT) ប្រទេសចិន។ សន្និសីទបានផ្តោតលើប្រធានបទសំខាន់ៗ ដូចជា (1) បច្ចេកវិទ្យារុករករ៉ែជាយុទ្ធសាស្ត្រ, (2) បច្ចេកវិទ្យាសំខាន់ៗសម្រាប់ដំណោះស្រាយ និងចោលកាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់, និង (3) យុទ្ធសាស្ត្រប្រើប្រាស់ធនធានរ៉ែ និងសមិទ្ធិផលនៃសេដ្ឋកិច្ចកែច្នៃកាបូនកម្រិតទាប។ សន្និសិទនេះ បានបញ្ចូលអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងជំរុញកិច្ចសហការនានា នៅក្នុងវិស័យអភិវឌ្ឍធនធាន និងបរិស្ថាន។
ក្នុងឱកាសនេះ ប្រតិភូសាកលវិទ្យាល័យ IIC ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ ECUT។ កិច្ចព្រមព្រៀងនេះ មានគោលបំណងលើកកម្ពស់គុណភាពអប់រំរវាងគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិត, កម្មវិធីវប្បធម៌, ទស្សនកិច្ចសិក្សា, ការចុះកម្មសិក្សា, ការចែករំលែកបទពិសោធន៍, និងកម្មវិធីសិក្សាផ្សេងៗទៀត៕